ភ្នំពេញ៖ ប្ដីប្រពន្ធមួយបានឈ្លោះប្រកែកគ្នា ហេីយបានយកចង្ក្រានដុតចោលធ្វេីឱ្យឆាបឆេះផ្ទះខ្លួនឯងយ៉ាងសន្ធោសន្ធៅនិងរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន១ខ្នងទៀត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ២៣និង១០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ: ស៊ុត ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ យោធា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ។
បើតាមសមត្ថកិច្ច ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះប្រភេថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ ទទឹង៥ម៉ែត្រ បណ្តោយ១៥ម៉ែត្រ បានរងការខូចខាតសំភារៈទាំងស្រុង។
ដោយឡែកម្ចាស់ផ្ទះទី២ឈ្មោះ ហ៊ុន ឡាង អាយុ ៤៨ ឆ្នាំ មុខរបរ អាវុធហត្ថខណ្ឌដូនពេញ រស់នៅទីតាំងកើតហេតុ ដែលមានផ្ទះ ថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ ទទឹង៧ម៉ែត្រ បណ្តោយ១៦ម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះខាងលេីមកពី ប្ដីប្រពន្ធផ្ទះទី១ឈ្លោះគ្នាដុតចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង ។
ក្នុងករណីអគ្គីភ័យខាងលេីនេះមិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយរថយន្តពន្លត់អគ្គិភ័យមកដល់ចំនួន ៦គ្រឿង ប្រេីប្រាស់ទឹកអស់ទាំង ៦គ្រឿង អគ្គិភ័យក៏រលត់ទៅវិញ នៅម៉ោង ២៣និង៣៤នាទីថ្ងៃខែឆ្នាំដដែល៕