
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋបាលព្រៃឈើ សូមធ្វើការជម្រាបជូនសាធារណជនឲ្យបានជ្រាបថា តំបន់ភ្នំទៅនេះជាតំបន់ស្ថានីយស្ដារព្រៃឈើមួយ ដែលមានដំណុះដើមឈើដាំ ជាប្រភេទកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើមិនមានការលូតលាស់ល្អទេ ។ ដូច្នេះរាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។ ការអភិវឌ្ឍន៍តំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនិងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អសួនសត្វភ្នំតាម៉ៅឲ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អាគារ សួនច្បារ អាងស្តុកទឹក ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនសត្វភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និងសម្ភារៈនានា។ ការដោះដូរគឺអនុវត្តដោយមានភាពតឹងរុឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន នឹងមានគណៈកម្មការឯកជនភាវូនិយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។
សូមបញ្ជាក់ផងដែរថា តំបន់នេះព័ត៌មានសត្វព្រៃសំខាន់ៗជិតផុតពូជនិងកម្រដូចការលើកឡើងទេ ហើយតំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមកនេះគឺជាសត្វព្រៃបានថែរក្សា នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព ១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ។ សត្វព្រៃដែលតែងតែលើកឡើងដោយអង្គការ សកម្មជនបរិស្ថាន និងសាធារណៈជននានាគឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុង នៃឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដីជាង៤០០ហិចតា និងមិនមានសត្វព្រៃអាចចេញមកខាងក្រៅនោះទេ និងបា
នមើលថែរក្សា ផ្ដល់ចំណីដោយរដ្ឋបាលព្រៃឈើ និងអង្គការនានា។ ការលើកឡើងកន្លងមកធ្វើឲ្យមានការភាន់ច្រឡំថាការអភិវឌ្ឍន៍តំបន់នេះប៉ះពាល់ដល់សត្វព្រៃ។