ភ្នំពេញ ៖ បន្ទប់ជួលមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនាំគ្នាដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីម្ចាស់ចាក់សោចោលទៅធ្វើការបាត់អស់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់បន្ទប់ជួលបានចាក់សោខាងក្រៅចាកចេញទៅធ្វើការបាត់ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែមានផ្សែងហុយចេញពីបន្ទប់លេខ២នោះ យ៉ាងសន្ធោសន្ធៅនិងបង្កជាអណ្តាតភ្លើងចេញមកក្រៅ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នាវាយសោទម្លុះចូលយកទឹកជះពន្លត់ តែគ្រប់គ្រងមិនបានព្រោះអណ្តាតភ្លើងឆេះឡើងខ្លាំងនិងគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់បង្ការគ្រោះអគ្គិភ័យខាងលើក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរាយការណ៍បន្តទៅក្រុមពន្លត់គ្រោះអគ្គិភ័យរាជធានីភ្នំពេញចុះមកអន្តរាគមន៍ភ្លាមៗ។
ប្រភពដដែលបានបន្តថា បន្ទប់មកគេឃើញរថយន្តពន្លត់អគ្គិភ័យមកចំនួន៥គ្រឿងរបស់ស្នងការនគរបាលរាជធានីនិងប្រើប្រាស់អស់ចំនួន៤គ្រឿង អគ្គិភ័យក៏រថយន្តទៅវិញទាំងស្រុងដោយមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ ហេីយក៏មិនរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ ដោយខូចខាតតែសម្ភារៈប្រើប្រាស់ក្នុងបន្ទប់មួយចំនួនតែប៉ុណ្ណោះ។ សមត្ថកិច្ចបានសន្និដ្ឋានថាគ្រោះអគ្គិភ័យខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕