
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រន្ធត់ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ២០ នាទីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង បើកបុក ហើយកិនម៉ូតូក្មេងប្រុសជាសិស្សសាលាពីរនាក់ អូសប្រហែលជា៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកកូនទា ដឹកគ្នាចេញពីសាលារៀនទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ២។ ពេលធ្វើដំណើរដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0234 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកមកពីក្រោយក្នុងល្បឿនលឿន ស្របទិសគ្នា បានបុក ហើយកិន រួចបន្តអូសម៉ូតូក្មេងប្រុសនោះប្រហែលជាជិត៥០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះ ទាំង២នាក់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងយ៉ាងខ្លោចផ្សាបំផុត។ ជនរងគ្រោះទាំងពីរនាក់ជាសិស្ស រៀននៅវិទ្យាល័យព្រែកកំពឹសទាំង២នាក់ ១មានឈ្មោះ សុភក្រ័ វីរះ ភេទប្រុស រៀនថ្នាក់ទី៧B1 វេនល្ងាច(ស្លាប់) រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ទី២ឈ្មោះ ជីម គឹមឡុង ភេទប្រុស រៀនថ្នាក់ទី ៧B1 វេនល្ងាច(ស្លាប់) រស់នៅភូមិដំណាក់សង្កែ ខណ្ឌដង្កោ។ អ្នកបើកបរត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងពិនិត្យ និងវាស់វែង ព្រមទាំងយករថយន្តបង្ករ និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំណែកសពក្មេងប្រុស២នាក់ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។