
ភ្នំពេញ ៖ សង្វេគណាស់ ! បុរសម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តធុនធំបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៥ និងង៣០ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានដើរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រក្នុងទិសដៅពីកើតទៅលិច លុះកដល់ចំណុចកើតហេតុ បុរសរងគ្រោះបានដើរឆ្លងផ្លូវ ពីជើងទៅត្បូង ចំពេលដែលមានរថយន្តធុនធំម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ 3B3695 ធ្វើដំណើរពីលិចទៅកើត ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅលើដងផ្លូវ ។ ចំណែកអ្នកបើកបររថយន្ត បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ ធ្វើការវាស់វែង រួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ឲ្យរថយន្តដឹកសព យកទៅតម្កល់ទុក នៅវត្តឫស្សីសាញ់ ដើម្បីរងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។