
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតនៅចំពីមុខ បណ្ដាលឲ្យរបួសធ្ងន់និងស្រាលចំនួន ០២នាក់ ត្រូវបានបញ្ជូនទៅជួយសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ២ៈ១៥នាទីរសៀល ថ្ងៃទី០២សីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប នៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញមានស្រ្តីអ្នកលក់ម្ជូរម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកគប់ជ្រុង គ្មានស្លាកលេខ ធ្វើដំណើរតាមផ្លូវដួងងៀប ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ ម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1D-3774 មកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល ចំណែកបុរសជិះម៉ូតូឌ្រីមសង់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះ រីឯស្រ្តីអ្នកលក់ម្ជូរងរបួសស្រាល។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះវាស់វែងយកម៉ូតូទាំង២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕