
តាកែវ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជាតំណាងក្រុមហ៊ុន យូនីស៊ីធី ពាក់ព័ន្ធករណីឆបោកប្រាក់ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងខេត្តតាកែវ ជាង១០ម៉ឺនដុល្លារ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីប្រជាំលរដ្ឋ ចំនួន០៤នាក់ បានដាក់ពាក្យប្ដឹងនៅស្រុកត្រាំកក់ ។
ជនសង្ស័យទាំង២នាក់ មានឈ្មោះ ជៀន វុទ្ធី អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និង ឈ្មោះ ឈិន វ៉េត អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។
លោកអធិការ ឌុក ធីយ៉ា បានបន្ថែមថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទាំង០៤នាក់ មានឈ្មោះ ៖
ទី១ ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។
ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។
ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ ។
និងទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ទោ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ បានឲ្យដឹងថា ជនរងគ្រោះសង្ឃឹមថាសមត្ថកិច្ច ក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យ ក៏ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ត្រលប់មកពួកគាត់វិញ ព្រោះលុយដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេ ដើម្បីយកទៅឲ្យក្រុមហ៊ុន ដែលនាំឲ្យទាំងលុយការ និងលុយដើមចេះតែឡើងជារៀងរាល់ថ្ងៃ ៕