
សៀមរាប ៖ រន្ធត់ណាស់ ! រថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បុកជាមួយគោយន្តកន្ត្រៃ បណ្ដាលឲ្យមនុស្ស ០៣នាក់ ស្លាប់ និងច្រើននាក់ទៀត រងរបួស ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥.៣០នាទីល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅចំណុច ភូមិគោកត្រំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ៖ 3E-1209 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកជាមួយនិងគោយន្តកន្ត្រៃ បើកបរបញ្ច្រាស់ទិសគ្នាពេញទំហឹង ធ្វើឱ្យគោយន្តកន្ត្រៃ ដាច់ចេញពីគ្នាខ្ទេច បណ្ដាលមនុស្សប្រុសស្រី ០៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ។

សពជនរងគ្រោះទាំង ០៣នាក់ មាន០២នាក់ ជាប្ដីប្រពន្ធនឹងគ្នា និងម្នាក់ទៀតជាស្ត្រី ចំណែកអ្នករួមដំណើរជាច្រើននាក់ទៀត រងរបួសធ្ងន់និងស្រាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង០៣នាក់ជាអ្នករស់នៅភូមិជាមួយគ្នា ដែលស្ថិតនៅក្នុងភូមិទឹកជុំ ស្រុកប្រនេតព្រះ ខេត្តបន្ទាយមានជ័យ ។
ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការវាស់វែងរួច បានយករថយន្ត និគោយន្តទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។







