
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នឹងមនុស្ស០២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្នុងករណីជិះម៉ូតូទាក់ដៃចង្កូតគ្នា ត្រូវរថយន្តដឹកទំនិញបើកមកក្រោយពីកិន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើមួយនេះបានកើតឡើង នៅវេលាម៉ោង៥ៈ៥០ថ្ងៃទី៣ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយ ផ្លូវ ២១៧កែងនឹងផ្លូវបេតុងចូលទីលានចាក់សំរាមចាស់ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះខាងលើមានឈ្មោះ ពុំ សារិន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ចំណែកបុរស០២នាក់ទៀតរបួសធ្ងន់បញ្ជូនទៅសង្រ្គោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1L-6998 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់កន្លែងកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HM-2915 បណ្ដាលឲ្យដួលស្របពេលមានរថយន្តដឹកទំនិញម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3805 បើកបរដោយបុរសម្នាក់មកពីក្រោយកិនស្ត្រីដែលអង្គុយក្រោយម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ចំណែកឯភាគីជិះម៉ូតូម្ខាងទៀត ជិះដោយបុរស០២នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯស្រ្តីម្នាក់ ទៀតរបួសស្រាល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ នឹងធ្វើការវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅជំនាញការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែក សព សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕