
កំពង់ឆ្នាំង ៖ ជនសង្ស័យ៤ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនក្រោយពីការស្រាវជ្រាវករណីអំពើលួចលុយ ១៧០០$ ពីកាបូបភ្ញៀវ ហើយប្ដូរ ដាក់លុយដុល្លារសែនចូលក្នុងកាបូបវិញ នៅហាងម៉ាស្សាកោសជប់ យីហោឈ្មោះ 777 ៊ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២រំលងអាធ្រាត តាមពាក្យប្ដឹង ជនរងគ្រោះ ។
ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្រី ០៣នាក់ ៖
១.ឆេន ធិន ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នកលួចលុយដុល្លារពិត ហើយប្ដូរដាក់លុយដុល្លារសែន) ។
២.ឆេន សារីន ភេទស្រី អាយុ ២៩ឆ្នាំ (អ្នកសមគំនិតលួច) ។
៣.ស៊ឹម នៀង ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
៤.ទឹម ស្រីរ៉ីម ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
ជនសង្ស័យទាំង ០៤នាក់ មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
វត្ថុតាងដកហូតមានលុយដុល្លារពិត ២០០$ លុយខ្មែរ ៦.១០០.០០០រៀល លុយដុល្លារសែនខ្មោចក្រដាស ១០០$ (ចំនួន ១៧សន្លឹក)។ ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង តាមនិតិវិធី ៕