
ភ្នំពេញ ៖ ជនជាតិចិនម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង វ៉ាជែងរថយន្តកុងតឺន័រ ជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរស ០២នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ១ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរស ពីរនាក់ជិះម៉ូតូម៉ាក zoomer x មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1GU-0106 ជិះគ្នា០២នាក់ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BE-4705 បើកបរក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបើកឡើងឆ្វេងដៃ ដើម្បីវ៉ាជែងរថយន្តកុងតឺន័រ នៅពីមុខ ស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូ ចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកបុរសជាជនជាតិចិន បានឈប់រថយន្តរួចក៏ទៅមើលជនរងគ្រោះ នៅឯមន្ទីរពេទ្យដើម្បីធ្វើការដោះស្រាយគ្នា។


