
កំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយមានការសង្ស័យថា បានធ្វើទារុណកម្មលើកូនស្រីតូច របស់ខ្លួនរហូតដល់ស្លាប់ ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្ក ដាឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពពីលោកស្រី ព្រំ សុខា មេឃុំពោធិ៍ចម្រើន បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិត បណ្តាលឱ្យមានសតិមិនប្រក្រតី ហើយតែងតែប្រើហិ.ង្សាជាញឹកញាប់ទៅលើប្រពន្ធឈ្មោះ ណែម សារ៉ាន់ អាយុ៣៩ឆ្នាំ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំជាច្រើនដងហើយដែរ តែនៅតែមិនរាងចាល ហើយជនសង្ស័យរូបនេះទើបតែចេញពីពន្ធនាគារផងដែរ ។
ជនសង្ស័យនេះ មានឈ្មោះ សៀក ទ្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ។
លោកស្រីវបានបន្តទៀតថា ច្រើនដងមកហើយ ដែលសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីរូបនេះ យកមកកាន់អធិការស្រុក ប៉ុន្តែប្រពន្ធតែងតែមកយំអង្វរនៅចំពោះមុខសមត្ថកិច្ ចឱ្យមានការដោះលែងប្តីខ្លួនឲ្យត្រឡប់ទៅផ្ទះវិញ។
ដោយមើលឃើញពីជីវភាពមានការខ្វះខាតក្នុងគ្រួសារ ដែលមិនអាចខ្វះបុរសជាប្តីជាជំហរបាន ទើបសមត្ថកិច្ចសម្រេចដោះលែងឱ្យត្រឡប់ទៅវិញ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហិ.ង្សាបន្តទៀតតែប៉ុណ្ណោះ ។
លោកស្រី បានបញ្ជាក់ថា ករណីហិង្សាក្នុងគ្រួសារមួយនេះ កើតឡើងដដែលៗទៅហើយ សម្រាប់គ្រួសារមួយនេះ ហើយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បុរសជាប្តីបានផឹកស្រាក៏កើតហិង្សាជាថ្មីម្តងទៀត ដោយបុរសជាប្តីបានយកកាំបិតកាប់ប្រពន្ធមួយកាំបិត បណ្តាលឱ្យរងរបួសដៃ ហើយប្រពន្ធក៏បានរត់គេចខ្លួនចេញពីផ្ទះ ដោយទុកកូនស្រីតូចអាយុទើបតែមួយខែជាងចោលនៅផ្ទះ។
ក្រោយពេលប្រពន្ធគេចខ្លួនបាត់ អ្នកភូមិក្បែរផ្ទះបានឃើញបុរសជាប្តីច្របាច់.ក និងសង្កត់ទ្រូងកូនស្រីតូចដែលម្តាយទុកចោលនោះ ហើយនៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កូនស្រីតូចរូបនោះក៏បានស្លាប់បាត់ជីវិត យ៉ាងអាណោចអាធ័ម ។
ក្រោយទារិកាតូចរូបនោះបានស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ និងសួរនាំទើបដឹងថា ការស្លា.ប់របស់ទារិកាកម្សត់ គឺផ្តើមចេញពីការធ្វើទារុណកម្មធ្ងន់ធ្ងរ និងទារិកាកម្សត់នោះ មានជំងឺផ្លូវដង្ហើមស្រាប់ផង ទើបបណ្តាលឱ្យស្លាប់តែម្តង។
បច្ចុប្បន្នបុរសជាឪពុកខាងលើ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកបរសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕