
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៤០ នាទីព្រឹក ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចទល់មុខនឹង សាលាពហុបច្ចេកទេសកម្ពុជា (សាលាកូរ៉េ) តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិ ព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ភេទប្រុសបើកបរម៉ូតូមួយគ្រឿងធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 1 IF 6047 បើកបរក្នុងទិសដៅ ពីជើងទៅត្បូងមកដល់ចំណុចកើតហេតុក្នុងគោលបំណងបត់ឆ្វេងដៃឆ្លងទៅម្ខាងទៀត ពេលនោះក៏មានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមិច ពាក់ស្លាកលេខភ្នំពេញ 3B-1069 បើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បានបុកជនរងគ្រោះពីក្រោយ អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមរថយន្ត ត្រូវបានរថយន្តកិនបែកក្បាល និងមួកសុវត្ថិភាពខ្ទិចចេញខួរមកខាងក្រៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា នុត វុទ្ធី អាយុ ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកកៀនស្វាយខេត្តកណ្ដាល។ ចំណែកឯអ្នកបើកបររថយន្តបន្ទាប់ពីកើតហេតុបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងជំនាញផ្នែកចរាចរណ៍ បានចុះមកដល់ទីតាំងធ្វើការពិនិត្យនិងវាស់វែង ព្រមទាំងបានយករថយន្តបង្ករនិងម៉ូតូទៅរក្សាទុកនៅការិយាល័យក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
អត្ថបទ បូលីន