
បន្ទាយមានជ័យ ៖ ព្រោះតែគំនុំក្រុមក្មេងទំនើងចំនួន០៩នាក់ មានកាំបិតផ្គាក់០៤ដើម និងម៉ូតូចំនួន០៣គ្រឿងនាំគ្នាជិះចេញសងសឹកគូសត្រូវ ប៉ុន្តែសំណាងល្អជនរងគ្រោះគេចខ្លួនបានទាន់ពេលវេលា ដោយរត់ចូលផ្ទះប្រជាពលរដ្ឋឲ្យជួយ។ ភ្លាមៗនោះកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណបានស្ទាក់ចាប់បានចំនួន ០៥នាក់ ខណៈ០៤នាក់ទៀតរត់គេចខ្លួនវបាត់ស្រមោល។
ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ៤ៈ០០ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីលោករវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ក្រោយពេលដែលទទួលបានព័ត៌មានថាមានក្មេងទំនើងមួយក្រុមកំពុងកាប់ចាក់គ្នានៅកន្លែងកើតហេតុនោះ លោកក៏បានដឹកនាំកម្លាំងអាវុធហត្ថចំនួន០១ក្រុមចុះដល់កន្លែងកើតហេតុតែម្ដង នឹងធ្វើការឃាត់ខ្លួនក្មេងទំនើងភាគីបង្កបានចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំបិតខ្វែវចំនួន០៤ដើម និងម៉ូតូចំនួន០៣គ្រឿងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្មេងទំនើងទាំង០៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ ទី១មានឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ទី២.ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ ១៧ឆ្នាំ,ទី៣.ឈ្មោះ ហាត់ កុយ (ហៅ ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ,ទី៤.ឈ្មោះ មៅ ពិឈិញ ភេទប្រុស អាយុ ១៧ឆ្នាំ, នឹងទី៥.ឈ្មោះ ឌី រ៉ាឌិន ភេទប្រុស អាយុ ២០ឆ្នាំ ជនសង្ស័យទាំង០៥នាក់ ខាងលើនេះរស់នៅក្នុងក្រុងសិរីសោភ័ណ។
ក្រោយពីកម្លាំងអាវុធហត្ថសួរនាំរួច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកគេកន្លងមកមានជម្លោះជាមួយ បក្សពួក០១ក្រុមទៀតដោយកំហឹងមិនអាចទប់ចិត្តបានពួកខ្លួនបានប្រមួលបក្សពួកបានចំនួន០៩នាក់ ជិះម៉ូតូ៣គ្រឿង ហើយចេញធ្វើសកម្មភាពដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាត សុវណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ដោយសារតែជនរងគ្រោះដឹងខ្លួនទាន់បានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដើម្បីឲ្យគេជួយ។
ជនសង្ស័យទាំង០៥នាក់ខាងលើរួមទាំងវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀល ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២២នេះដើម្បីចាត់ការតាមនិតិវិធី។ ចំណែកបក្សចំនួន០៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕