
ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះម្នាក់កំពុងតែដើរឆ្លងផ្លូវ ក៏ត្រូវបានយុវជន ០២នាក់ ជិះម៉ូតូឌ្រីមសង់ឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុកបណ្ដាលឲ្យដួលស្ត្រីរងគ្រោះរងរបួសត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗ រីឯយុវជនទាំងពីរនាក់របួសស្រាល ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ ហេតុការណ៍នេះដែរបានកើតឡើងនៅតាមបណ្ដោយផ្លូវ ២៧១ ចំណុចមុខមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (ហៅពេទ្យរុស្ស៊ី) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុការណ៍ បានបញ្ជាក់ថា នៅមុនពេលកើតហេត គេឃើញស្ត្រីមានផ្ទៃពោះម្នាក់ កំពុងដើរឆ្លងផ្លូវ ស្រាប់តែឃើញយុវជន ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AL-7255 ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកស្ត្រីរងគ្រោះខាងលើ រងរបួសធ្ងន់ រីឯយុវជនទាំងពីរនាក់រងរបួស ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះមានផ្ទៃពោះខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រីឯម៉ូតូត្រូវបាន ប្រជាពលរដ្ឋ ជួយលើកមកទុកលើចិញ្ចើមផ្លូវ រង់ចាំសមត្ថកិច្ចមូលដ្ឋាន រាយការណ៍ប្រាប់ផ្នែកចរាចរណ៍ខណ្ឌបឹងកេងកង មកយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំភាគីទាំងសងខាងចូលទៅដោះស្រាយគ្នានៅពេលក្រោយ ៕