
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំ និងបិទកិច្ចប្រជុំបូកសរុប និងដកពិសោធន៍លទ្ធផល នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សខេត្ត និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលបានរៀបចំអស់រយៈពេល១ថ្ងៃកន្លះ (ថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២២) នៅមន្ទីរគណបក្សខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូន ជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកាគណបក្សទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត លះបង់ពេលវេលា និងធនធាន ដោយមិននឿយហត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនការួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទាំងបួនដំណាក់កាលរហូតដល់ទទួលបានលទ្ធផលជោគជ័យ ជាបន្តបន្ទាប់យ៉ាងត្រចះត្រចង់គួរជាទីមោទនៈ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ឃុំ សង្កាត់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ ដែលបានបង្កបរិយាកាសល្អប្រសើរ និងខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើឲ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ កន្លងមកនេះ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហឹង្សា យុត្តិធម៌ អព្យាក្រឹត និងជោគជ័យ ស្របតាមគោលការណ៍ច្បាប់ និងប្រជាធិបតេយ្យ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្ស បងប្អូន ក្មួយៗ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានបន្តចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំ អភិវឌ្ឍឃុំ សង្កាត់ និងសម្រេចបាននូវសមិទ្ធិផលថ្មីៗនៅតាមមូលដ្ឋានបន្តទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា អង្គប្រជុំរយៈពេល១ថ្ងៃកន្លះនេះ ពិតជាមានសារៈសំខាន់ណាស់ដោយសមាជិក សមាជិកាទាំងអស់ បានស្តាប់នូវរបាយការណ៍បូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានគូសបញ្ជាក់នូវលទ្ធផលការងារ ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលត្រូវបន្តដោះស្រាយ និងកែលម្អ ដើម្បីពង្រឹងឧត្តមភាពរបស់គណបក្សឲ្យកាន់តែមុតស្រួចថែមទៀត ក្នុងការដណ្តើមជ័យជម្នះដាច់ខាតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ មិនតែប៉ុណ្ណោះ យើងក៏បានស្តាប់នូវលទ្ធផល នៃសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាល និងបានពិភាក្សាគ្នាព្រមទាំងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីឲ្យគណបក្សយើងរួមគ្នាដោះស្រាយ និងអភិវឌ្ឍបន្តទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្ស នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលយើងទាំងអស់គ្នាទទួលបានជាបន្តបន្ទាប់នេះ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានគណបក្ស និងជាអគ្គមគ្គុទេសដ៏ឆ្នើម របស់ប្រជាជន ដែលនៅពេលដែលប្រជាជនមានទុក្ខលំបាក មានតែគណបក្សប្រជាជនប៉ុណ្ណោះដែលនៅរួមសុខរួមទុក្ខជាមួយប្រជាជននិងជួយដោះស្រាយរាល់បញ្ហាទាំងអស់នេះ ជាក់ស្តែងសមិទ្ធិផលក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ គឺជាស្នាដៃផ្តាច់មុខនិងជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងកត្តាសំខាន់ទៀតដូចជា៖ ការកំណត់យុទ្ធសាស្រ្តដ៏មុតស្រួច និងផែនការសកម្មភាពត្រឹមត្រូវរបស់គណបក្សគ្រប់ជាន់ថ្នាក់ កំណែទម្រង់ស៊ីជម្រៅលើកម្មវិធីនយោបាយអាទិភាពនានា ជាពិសេស ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង និងសាមគ្គីភាពផ្ទៃក្នុងរបស់សមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់។ ឈរលើមូលដ្ឋានទាំងអស់នេះហើយ គណបក្សយើងកាន់តែមានឧត្តមភាពក្នុងការដណ្តើមយកជ័យជម្នះដាច់ខាត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ តាមរយៈអង្គប្រជុំយើងបានកត់សម្គាល់ នូវបញ្ហាមួយចំនួនដែលយើងត្រូវប្រឹងប្រែងរួមគ្នាដោះស្រាយបន្តទៀតដូចជា៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការពង្រឹងពង្រីក រចនាសម្ព័ន និងសមាជិកគណបក្ស និងការលើកគម្រោងអភិវឌ្ឍមូលដ្ឋានជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំដល់អង្គប្រជុំ ឲ្យបន្តចូលរួមថែរក្សាការពារសុខសន្តិភាព បន្តអភិវឌ្ឍមូលដ្ឋានស្របតាមផែនការអភិវឌ្ឍឃុំ សង្កាត់អាណត្តិទី៥ ២០២២-២០២៧ ដែលបានដាក់ចេញ បន្តផ្តល់សេវាសាធារណៈឲ្យកាន់តែរហ័សនិងប្រសិទ្ធភាព បន្តកសាងអំពើល្អនិងចុះជួយដោះដ្រាយទុក្ខលំបាកប្រជាជនមូលដ្ឋានគ្រប់ពេលវេលា បន្តរក្សាសាមគ្គីភាព និងការទទួលខុសត្រូវចំពោះការងារ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការចូលរួមចាក់វ៉ាក់សាំងដូសជម្រុញដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។