
ភ្នំពេញ ៖ បុរសជាមន្រ្តីអាវុធហត្ថម្នាក់បានបាត់បងជីវិត បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនស្រាប់តែរអិលដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័ររួចកិនពីលើ។
សពជនរងគ្រោះ ឈ្មោះឃួន វិសាល ភេទប្រុសអាយុ៣៩ឆ្នាំ ជាមន្រ្តីអាវុធហត្ថ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3R-4735 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពូជើងមកត្បូង ស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1B-3870 ជិះពីក្រោយស្របទិសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានជិះឡើងស្តាំដៃបម្រុងវ៉ាជែងទៅពីមុខរថយន្តកុងតឺន័រ ស្រាប់តែរអិលដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់កុងតឺន័រ បណ្ដាលឲ្យរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកតៃកុងរថយន្តក្រោយឃើញស្ថានភាពមិនស្រួលក៏បានចុះគេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បាទចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចបាននាំយករថយន្តនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះបន្ទាប់ពីបានធ្វើកំណតហេតុរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕