
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនទំនងជាស្រវឹងស្រាខ្លាំង បានរេចង្កូតទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង១១ៈ៥០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវព្រះមុនីវង់ ស្ថិតក្នុងដង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តម៉ាកCOROLLA ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2J-0347 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុទល់មុខនឹងវិទ្យាល័យបឹងត្របែក បានរេចង្កូតជ្រុលទៅបុករនាំងថ្ម ដាក់ពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់រនាំងថ្មអស់ពីកង់ ចំណែករថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឱ្យមានអ្នកណារងរបួសនោះទេ ៕