
ក្រចេះ ៖ ករណីឃាតកម្មប្តីសម្លាប់ប្រពន្ធដ៏រន្ធត់មួយបានកើតឡើងនៅថ្ងៃអង្គារទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី នៅត្រងចំណុចស្រែទំនប់ចិន ស្ថិតនៅក្នុងភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ក្ដាន់ យេម (ត្រូវជាប្រពន្ធ) បាននៅជាមួយប្ដីឈ្មោះមាន ឈាងនី អាយុ៥៦ឆ្នាំ ទៅបោះតង់ធ្វើរោងនៅចំណុចកើតហេតុតែពីរនាក់ប្ដីប្រពន្ធ ក្រោយមកឈ្មោះក្ដាន់ យេម នៅចាំរោង ចំណែកប្ដី មាន ឈាងនី ទៅភ្ជួរស្រែ។
លុះដល់ពេលកើតហេតុឈ្មោះ ឈាង នី បានបើកគោយន្តមកពីស្រែវិញស្រាប់តែឃើញប្រពន្ធដួលផ្កាប់មុខលើចង្ក្រានដាំបាយហើយមានស្នាមមុតរយះលើកញ្ចឹងកខាងឆ្វេងដោយវត្ថុរឹងមានមុខមុត ស្លាប់នៅកន្លែង ហើយតេទូរស័ព្ទហៅកូនៗនិងក្រុមគ្រួសារដឹកយកទៅកាន់មណ្ឌលសុខភាពថ្មគ្រែ រួចហើយក៏ដឹកបន្តយកមកទុកលើផ្ទះនៅឯភូមិ។
ប្រភពដដែលបានបន្តថា ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ថ្មគ្រែ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរីនិងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិធ្ងន់ខេត្តធ្វើការស្រាវជ្រាវដោយមានការសង្ស័យ ។
រហូតនៅថ្ងៃទី២៧ខែកក្តដាឆ្នាំ២០២២វេលាម៉ោង១៧និង៣០នាទីទើបឃាត់បានជនសង្ស័យជាប្តីឈ្មោះ មាន ឈាងនី បានឆ្លេីយសារភាពថា : ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ក្ដាន់ យ៉េម ដែលត្រូវជាប្រពន្ធ ដោយសារខឹងជនរងគ្រោះ មិនព្រមអោយខ្លួនដឹកស្រូវដែលឈ្មោះ មួង ស៉ីនាត ត្រូវជាប្រពន្ធចុងរបស់ខ្លួនយកទៅផ្ទះ ក៏ឆ្លៀតពេលឈ្មោះ ក្ដាន់ យេម កំពុងដាំបាយខ្លួនក៏យកពូថៅកាប់ទៅលេីជនរងគ្រោះតែម្ដង។សពជនរងគ្រោះ ឈ្មោះ ក្ដាន់ យេម ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ចិត្របុរី ខេត្តក្រចេះ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ មាន ឈាងនី ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធី។