
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្លា.ប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ 2015 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-1320 ធ្វើដំណើរតាមបណ្ដោយផ្លូវវិថីចោមចៅ ក្នុងទិសដៅពីកើតទៅលិច។ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏រេចង្កូតទៅ កៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលនឹងបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹក យកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យតែជាអកុសលដោយសារតែស្ថានភាពរបួសមានលក្ខណៈធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏បានបាត់បង់អាយុជីវិតភ្លាមៗ។ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ។
ប្រភពីសតម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង 12:30 យប់រំលងអធ្រាត ឈានចូលថ្ងៃទី 27 ខែកក្កដាឆ្នាំ 2022 ក្នុងសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ភ្លាមៗ សពជនរងគ្រោះមិនត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាជាបុរសម្នាក់វ័យខ្ទង់ 20 ឆ្នាំជាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការត្រួតពិនិត្យ រួចបានដឹកសពជនរងគ្រោះយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕