
កំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់ត្រូវបានស្លា.ប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តហ្វ័តបើកបុករះម៉ូតូចំនួន០២គ្រឿង ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៧ៈ៥៥នាទី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ ម៉ា សូនីតា (ស្លា.ប់) អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-6876 បើកបរដោយឈ្មោះ ហុឹម អៀងសូផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពល្បឿនលឿន លុះមកត្រង់ចំណុចកើតហេតុខាងលើក៏ ជ្រុលបុកម៉ូតូច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-1292 ជិះដោយឈ្មោះ ភិន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យរងរបួសស្រាល ហើយរថយន្តរេចង្កូតបន្តទៅបុកម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CT-5310 ជិះដោយក្មេងស្រីរងគ្រោះ នៅពេលដែលនាងកំពុងឈប់ស្ងៀមចិញ្ចើមផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង រុញផ្ទប់របងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍នឹងឃាត់ខ្លួនបានអ្នកបើកបររថយន្ភភ្លាមៗ រួចនាំទាំងមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ចំណែកសពក្មេងស្រី ត្រូវបានប្រគល់ ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕