
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើកបរក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបុកបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យរថយន្តរងការខូចខាត់ខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៤ៈ០០ ទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសជាជនជាតិចិនម្នាក់រួមដំណើរដោយជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់ទៀតទាំងអស់មានគ្នាចំនួន០៣នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AJ-0026 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ បំណែករថយន្តរាយពេញផ្លូវ។ ចំណែកបង្កាន់ដៃស្ពានរងការខូចខាតបន្តិចបន្តួចផងដែរ។ ភ្លាមនោះអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយពីកើតហេតុខាងលើរួចសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទូរសព្ទទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕