
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវតាមចាប់ខ្លួនបាន ខណៈដែលកំពុងសង្ងំលាក់ខ្លួននៅផ្ទះសំណាក់មួយកន្លែង កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពីនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងអស់មានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីអ្នកសំណើរបានសម្រេច កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ហើយក៏បានរត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា។ ទីបំផុតក៏តាមចាប់ខ្លួនបានជនសង្ស័យបានពីរនាក់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះមកវិញ និងម៉ូតូមួយគ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យទាំង២នាក់ នាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ៕