កំពង់ស្ពឺ ៖ គួរឲ្យសង្វេគណាស់ ! ជិះម៉ូតូឌុបប្រពន្ធ និងកូន តាមផ្លូវត្រូវរថយន្តបុកពេញទំហឹង ហើយកិនអូស បណ្ដាលឲ្យស្លាប់ទាំង ០៣នាក់ឪពុកម្ដាយ និងកូនភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១៣០ ត្រង់ចំណុច ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FR-4699 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមួយគ្រឿងម៉ាកMazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-0072 បើកបរបញ្ច្រាស់ទិសគ្នា បុកពីមុខពេញទំហឹង ហើយកិនអូស បណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារ ស្លាប់យ៉ាងអាណោចអាធ័ម នៅនិឹងកន្លែងកើតហេតុ ហើយអ្នកបើករថយន្តបានបើកគេចចេញពីកន្លែងកើតហេតុ ទៅដល់ចំណុចមុខវត្តព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិពាន្វស្រុកគងពិសី ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបាន។
សពជនរងគ្រោះទាំង៣នាក់មានឈ្មោះ ៖
១.ឈ្មោះពួន រស្មី អាយុ២៣ឆ្នាំ ជាប្តី
២.ឈ្មោះគង់ ស្រីដាវ អាយុ២២ឆ្នាំ ជាប្រពន្ឋ
៣.ឈ្មោះអាន ដាវិត ភេទប្រុសអាយុ១ឆ្នាំ ជាកូន ។ អ្នកទាំង ០៣រស់នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ចំណែកអ្នកបើកបររថយន្ត មានឈ្មោះពិត យូហេង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង និងអ្នកបើករថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនិតិវីធី ។
ចំណែកសពជនរងគ្រោះទាំង៣នាក់ សមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។