
ព្រះសីហនុ ៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង០២នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង១៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវឆ្នេរឯករាជ្យស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3-E 9270 បានបទឆ្លងផ្លូវត្រឡប់ក្រោយ ពេលដែលឆ្លងដល់ពាក់កណ្ដាលទ្រូងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក់Scoopyគ្មានស្លាកលេខ ជិះគ្នា០៣នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន រហូតមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង០២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យ (ជនរងគ្រោះជាក្មេងស្រីជំទង់ទាំង០៣នាក់) ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ។