
ភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍បន្តថា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន០៤នាក់ ក្នុងនោះខ្មែរម្នាក់ និងជនជាតិថៃចំនួន៣នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន និងកាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ (គ្រឿងញៀ.នជិត៦៥គីឡូក្រាម និងកាន់កា.ប់អាវុធ៣ដើមផងដែរ) ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងថា ជនជាប់ចោទទាំង៤នាក់ខាងលើនេះ រួមមាន ៖ ទី១មានឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ទី២មានឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ។ ទី៣មានឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។និងទី៤មានឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ ។
ប្រភពដដែលបានបន្តថា គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ៈ១០នាទីរសៀល កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ (ក១១) ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ព្រមទាំងឈានដល់ការបង្ក្រាប២គោលដៅផ្សេងៗពីគ្នា។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចក៏ដកហូតបានវត្ថុតាង រួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម, ហេរ៉ូអ៊ិន (HEROIN) ទម្ងន់សុទ្ធ ២១គីឡូ និង១២០ក្រាម សរុបសារធាតុញៀ.នប្រមាណ៦៣គីឡូ និង៨៧៩.៨៤ក្រាម ព្រមទាំងដកហូតបានអាវុធ AK ចំនួន០១ដើម, និងអាវុធខ្លីចំនួន០២ដើម រថយន្តចំនួន៣គ្រឿងទៀតផងដែរ៕