
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន លុះមកដល់តត្រង់ចំណុចផ្លូវបំបែកជាបួនដោយមិនបានបង្អង់ក៏ជ្រុលទៅបុករថយន្តLexus LX570 បើកឆ្លងផ្លូវចំពីចំហៀងយ៉ាងពេញទំហឹង នឹងធ្វើឲ្យវិលមួយជុំ រួចបន្តទៅបុករថយន្ត Ford Ranger ដែលចតស្ងៀមនៅមុខផ្ទះមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១២ៈ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥១កែងនឹងផ្លូវ ១៣៦ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពរដ្ឋរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AL-9788 បើកបរតាមបណ្តោយផ្លូវ ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈពេលដែលមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនដោយមិនបានបង្អង់ល្បឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកLexus LX570 បើកឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តវិលមួយជុំ រួចបន្តទៅបុកផ្ទប់រថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកFord Rangerពីចំហៀងខាងស្តាំរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង តែជាសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ក្រាន់តែខូចខាតរថយន្ត ០៣គ្រឿងតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនិងផ្នែកជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចអោយភាគីទាំងសង្ខាងសម្រួលគ្នា ដោយភាគីរថយន្តបង្កព្រមសងជាសំណងទៅលើរថយន្តរងគ្រោះទាំង២គ្រឿងដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។