
ភ្នំពេញ ៖ បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូរឺម៉ក់កង់បីម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងមុងលើម៉ូតូកង់បីតែម្នាក់ឯង ។
ហេតុការណ៍ខាងលើបង្កជាការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មុខវត្តបទុមវតី ក្បែរដើមពោធិ៍សួនច្បារ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា សពបុរសបុរសខាងលើមានឈ្មោះ អេង សំបូរ អាយុ៤០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូរឺម៉កកង់បី ស្នាក់នៅលើម៉ូតូកង់បី មុខវត្តបទុមវតី និងមានស្រុកកំណើតនៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពពីអ្នករត់ម៉ូតូរឺម៉ក់កង់បីដូចគ្នាបាននិយាយថា បុរសខាងលើជាមនុស្សមិនសូវមាត់កច្រើននោះទេ ហើយរាល់យប់គាត់តែងឈប់ម៉ូតូកង់បីនៅកន្លែងកើតហេតុនោះ រួចសម្រាកនៅក្នុងម៉ូតូកង់បីជុំគ្នាជាមួយគេផ្សេងជាច្រើននាក់ទៀត ។
ប្រភពដដែលបន្តទៀតថា នៅថ្ងៃកើតហេតុ គេមិនឃើញគាត់ចេញពីក្នុងម៉ូតូកង់បីទៅដឹកភ្ញៀវនោះទេ រហូតដល់ម៉ោង៦ល្ងាច នៅតែមិនឃើញគាត់ចេញពីក្នុងម៉ូតូកង់បីដដែល ពួកគាត់ក៏នាំគ្នាដើរទៅមើល ស្រាប់តែប្រទះឃើញគាត់ដេកផ្កាប់មុខស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ ពួកគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះពិនិត្យជុំវិញកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានពិនិត្យ និងកោសល្យវិច័យលើស.ពជនរងគ្រោះតាមនីតិវិធីជំនាញ ហើយបានរកឃើញថា ជនរងគ្រោះមានជំងឺសួត ចំណែកចំពោះមូលហេតុនៃការស្លា.ប់របស់ជនរងគ្រោះ គឺបណ្តាលមកពីអាការៈខ្យល់គ ។ បន្ទាប់ពីពិនិត្យរួច ត្រូវបានសមត្ថកិច្ចទាក់ទងហៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕