
ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះគ្នា០៤នាក់បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកជាមួយនឹងរថយន្តកុងតឺន័រ ដែលកំពុងតែបត់ចូលឃ្លាំងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្ស០៣នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង១១យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅមុខឃ្លាំងសំបកកំប៉ុងស្រាបៀរ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សពយុវជនរងគ្រោះត្រូវគេស្គាល់ថាឈ្មោះ សូនី អាយុ២៣ឆ្នាំ រស់ជិតកន្លែងកើតហេតុ ចំណែក៣នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GT-7011 រងការខូចខាតខ្ទេចមួយកំណាត់ទាំងស្រុង ។
ប្រភពដដែលបានបានបន្តថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដកុងតឺន័របានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តកុងតឺន័រក៏បានស៊ីញ៉ូបត់ស្តាំដើម្បីចូលទៅក្នុងឃ្លាំង ពេលចូលបានពាក់កណ្ដាល ស្រាប់តែម៉ូតូរងគ្រោះជិះយ៉ាងលឿនដោយមិនបានប្រយ័ត្ន ក៏ជ្រុលទៅបុកផ្ទប់ចំកង់ក្បាលរថយន្ដកុងតឺន័រពេញទំហឹង បណ្តាលឲ្យម៉ូតូចូលក្រោមរថយន្តរងការខូចខាតមួយកំណាត់ទាំងស្រុង និងអ្នកបើកបរម៉ូតូរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកមនុស្ស០៣នាក់ទៀតរងរបួសស្រាល ។
បន្ទាប់ពីពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់បណ្តោះអាសន្ន ដើម្បីបំភ្លឺជុំវិញករណីខាងលើ ចំណែករថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ឯសពជនរងគ្រោះវិញ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕