
សៀមរាប ៖ មនុស្ស០២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង០៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿង និងរថយន្តមួយគ្រឿង។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង០៧ និង១០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ទៅស្រុកអង្គរជុំ ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួកខេត្តសៀមរាប។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡេីង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1U-5641 បុកគ្នាជាមួយម៉ូតូហុងដាឌ្រីមដូចគ្នា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-1826 បណ្តាលឲ្យមនុស្សនិងម៉ូតូ ដួលខ្ទាតចូលក្រោមរថយន្ត ដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-2823 បណ្តាលឲ្យមនុស្ស ០២នាក់ស្លាប់ភ្លាមៗ និង៣នាក់ទៀត របួសធ្ងន់ម្នាក់ ។
ជនរងគ្រោះទាំង ០៥នាក់មានឈ្មោះ ៖
ទី១ ឈ្មោះ ទូច សារិន ភេទប្រុស អាយុ ៥៤ឆ្នាំ (ស្លាប់) ទី២.ឈ្មោះ អឿន ច្រឹប ភេទស្រី អាយុ ៤០ឆ្នាំ (ស្លាប់) ទី៣.ឈ្មោះ រ៉ូ សារ៉េន ភេទស្រី អាយុ ០៨ឆ្នាំ (របួសធ្ងន់) ជនរងគ្រោះទាំង០៣នាក់ រស់នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ទី៤.ឈ្មោះ តឹក ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក(របួសស្រាល)
និងទី៥.ឈ្មោះ ចុង ស៊ីចេម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្នោរ ឃុំល្វា (របួសស្រាល)។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពី អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រី ពាក់ស្លាកលេខ1U-5641 ឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕