
ភ្នំពេញ ៖ យុវជន ០២នាក់ជិះម៉ូតូធន់ធំ បុករថយន្តពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ របួសធ្ងន់ធ្ងរទាំង០២នាក់ ហើយស្លាប់ម្នាក់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ សពជនរងគ្រោះ មានឈ្មោះយ៉ែម ផាត ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ កែងនឹងផ្លូវ៣៥០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ពណ៌ក្រហមមួយពាក់ផ្លាកលេខ ភ្នំពេញ 2AV-2435 ជិះគ្នា០៥នាក់ បើកតាមបណ្តោយផ្លូវ១៦៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានយុវជន២នាក់ ជិះម៉ូតូធុនធំមួយគ្រឿងពណ៌ខៀវជិះឌុបគ្នា តាមបណ្តោយផ្លូវ៣៥០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស ចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំ.ហឹង បណ្តាលឲ្យដួលខ្ទាតចេញពីម៉ូតូ បោកក្បាលផ្ទប់នឹងថ្នល់ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះម្នាក់ឈ្មោះ យ៉ែម ផាត បានស្លាប់នៅមន្ទីពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក ។
ចំណែកឯយុវជនម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ កំពុងសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក រងចាំការដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕