
ភ្នំពេញ ៖ បុរស០២នាក់ ជិះម៉ូតូលឿនជ្រុល ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តកំពុងបទត្រឡបក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង០២នាក់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចចុងស្ពានអាកាស៥មករាខាងលិច ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកMazda ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2 BA-7379 បើកចុះពីលើស្ពានអាកាស៥មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយបានបត់ឆ្វេង ត្រឡប់ក្រោយ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរី១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1DG-1484 ជិះឌុបគ្នា មកពីក្រោយក្នុងល្បឿនលឿនដូចគ្នា ពេលបកដល់ចំណុចកើតហេតុក៏អកស្ស៊ឺចាប់ហ្រ្វាំងមិនទាន់ ជ្រុ.លទៅបុ.ករថយន្តMazda កំពុងបត់ត្រឡប់ក្រោយចំពាក់កណ្តាលពេញទំហឹ.ង បណ្តាលឲ្យដួលខ្ទាតទាំងមនុស្សនិងម៉ូតូ ចូលក្រោមរថយន្ត ភ្លាមៗនោះប្រជាពលរដ្ឋបានជួយទាញបុរស២នាក់ ចេញពីក្រោមរថយន្តរួចទាក់ទងទៅរថយន្តសាមុយ ឲ្យមកយកអ្នករបួសទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថយន្ត រត់គេចខ្លួនបាត់ស្រមោល៕