
ភ្នំពេញ ៖ សន្តិសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ជូនសមត្ថកិច្ច ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេច នៅក្នុងការដ្ឋានមួយកន្លែង ។
ការឃាត់ខ្លួននេះ នៅវេលាម៉ោង១ និង១០នាទី ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសន្តិសុខ ជាអ្នកឃាត់ខ្លួនជនសង្ស័យ បានឲ្យដឹងថា មុនកើតហេតុជនសង្ស័យ បានចូលទៅក្នុងការដ្ឋានមួយសន្ទុះ ក្រោយមក៏ឃើញជនសង្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល1AP-7667 ពេលជិះមកដល់ចំណុចប៉ុស្តិ៍យាម កម្លាំងសន្តិសុខក៏បានសួរនាំ ទើបបែកធ្លាយថាជនសង្ស័យខាងលើបានលួចម៉ូតូពីក្នុងការដ្ឋានមក ហើយសន្តិសុខក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់និរោធ ធ្វើការសាកសួរ។
ក្រោយសមត្ថកិច្ចសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងការដ្ឋានពិតប្រាកដមែន ហើយជនសង្ស័យ មានផ្ទុកសាធាតុញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធី៕