
កំពង់ធំ ៖ ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើងវេលាម៉ោងប្រហែល ១២ :១៤នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចម្តុំពោងទឹក ក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា គេឃើញមានក្មេងស្រី ២នាក់ដែលគេស្គាល់ថាជាសិស្សសាលាក្រុងស្ទឹងសែន បានចុះលាងដៃនៅមាត់ទឹកដោយសារនៅចំណុចនោះមានទឹកហូរខ្លាំងបណ្ដាលឲ្យក្មេងទាំងស្រីទាំង២នាក់នោះ រអិលជើង ធ្លាក់ចូលទៅក្នុងទឹកកំពុងតែហូរតែម្តង។ ស្របពេលនោះបងប្អូនប្រជាពលរដ្ឋក៏បានប្រទះឃើញហើយក៏បានស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនិងជួយសង្គ្រោះបានក្មេងស្រីម្នាក់ ដោយអកុសលក្មេងស្រីម្នាក់ទៀតត្រូវហូរទៅទឹកតាមលិចទឹកបាត់ទៅហើយ។
បើតាមលោក គឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថាក្មេងស្រីរងគ្រោះទាំង២នាក់នោះ៖
១/ ឈ្មោះ រ៉ុម វណ្ណដារី អាយុប្រហែល ៩ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង ដែលមាន ម្តាយ ឈ្មោះ ហ៊ាន វេងដែន រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបាន។
២/ មានឈ្មោះ ធឿន សុខរក្សា អាយុប្រហែល១០ឆ្នាំ ដូចគ្នា រស់នៅភូមិទី១ សង្កាត់កំពង់ធំ ដែលមានឪពុកឈ្មោះ ហុង ថុល និងម្ដាយឈ្មោះ ខេង គឹមលាន (គ្រូបង្រៀន) បានបាត់ខ្លួនលិចក្នុងទឹករកមិនទាន់ឃើញ ខណៈនេះដែរកម្លាំងអធិការក្រុងស្ទឹងសែនកំពុងបើកកាណូតរុករក។ ចំណែកកុមារីម្នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ៕