កំពង់ចាម : ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារស្ថិតក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលចំណាយពេលសាងសង់ជាង៣ឆ្នាំ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើត ទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ស្ពាននេះមានប្រវែង ១.១៣១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ៥៦,៩៩៨ លានដុល្លារអាមេរិក៕