
ភ្នំពេញ ៖ ស្ត្រីម្នាក់ជាប្អូនស្រីបានសារភាពថា ខ្លួនពឹតជាយកកាំបិតចុងស្រួច ចាក់លើបងប្រុសរបស់ខ្លួនឯង បណ្តាលឲ្យស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ហើយដឹកយកមកផ្ទះវិញលួចកប់សពចោល។
ករណីខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច សង្ស័យ ដោយសារស្រ្តីខាងលើបានយកសពទៅ កប់ទាំងអាថ៌កំបាំង។
ក្រោយមកទើបសមត្ថកិច្ចចុះពិនិត្យ កោសល្យវិច័យនិងឈានដល់ឃាត់ខ្លួនស្ត្រីជាជនសង្ស័យ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ ស្ថិតនៅផ្ទះលេខ1570G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យមានឈ្មោះ ឡោះ ហាលីម៉ាស់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ1570G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ (មានជំងឺសរសៃប្រសាទ)។ និងជនរងគ្រោះជាបងមានឈ្មោះ ឡោះ សុខគ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលាងម៉ូតូមាន ទីលំនៅផ្ទះ លេខ1570G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ករណីខាងលើគឺ ផ្តើមចេញពីជម្លោះបងប្អូន (រវាងជនស្ស័យ និងជនរងគ្រោះ) ដោយប្អូនស្រីយកកាំបិតចុងស្រួចចាក់លើបងប្រុស បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ដឹកបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែត្រ តែជនរងគ្រោះបានស្លាប់ រួចក៏ដឹកវិលត្រឡប់មកផ្ទះវិញ ហើយជនសង្ស័យជាប្អូនស្រីក៏លួចយកសពទៅកប់យ៉ាងស្ងាត់ស្ងៀម លុះដល់ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបពលរដ្ឋងឿងឆ្ងល់ ផ្អើលឆោឡោបែកធ្លាយរឿង។
បន្ទាបមកសមត្ថកិច្ចក៏ចុះទៅសាកសួរ ជនសង្ស័យខាងលើបានភូតកុហកទាំងសមត្ថកិច្ចទៀតដោយប្រាប់ថាជន រងគ្រោះ ស្លាប់ដោយសារជំងឺ។ តែក្រោយពីគាស់យកសពឡើង និងយកមកពិនិត្យកោសល្យវិច័យទើបដឹងថា ស្លាប់ដោយមានស្នាមរបួស។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ស្ត្រីជាប្អូន ហើយក៏ជាជនសង្ស័យនាំទៅ សាកសួរបន្ថែមនៅផ្នែកជំនាញ ហើយជនសង្ស័យបានសារភាពថា (ពិតជាបានចាក់បងប្រុសបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ពិតមែន )៕