
ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយម៉ូតូមួយគ្រឿងបើកបុករថយន្ដ បណ្ដាលឲ្យមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង 2:30 យប់រំលងអធ្រាតឈានចូលថ្ងៃទី 18 ខែកក្កដា ឆ្នាំ2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់បើករថយន្តម៉ាស្ដាមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AF-4768 ធ្វើដំណើរតាមបណ្ដោយផ្លូវ 1986 ក្នុងទិសដៅពីលិចមកកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូ scoopy មួយគ្រឿង ពណ៌សពាក់ស្លាកលេខកំពង់ឆ្នាំង 1H-2460 ជិះគ្នាបីនាក់ស្រីពីរប្រុសមួយ ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា បានបុកជាមួយរថយន្ដពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ហើយម៉ូតូគៀបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបររួមជាមួយនិងអ្នកជិះពីក្រោយចំនួន០២នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះដល់ទីតាំងកន្លែងកើតហេតុ ហើយធ្វើការវាស់វែងរួចស្ទូចរថយន្តនិងម៉ូតូរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕