ភ្នំពេញ ៖ ករណីឃាតកម្ម គិតទុកជាមុន(កាប់នឹងកាំបិតផ្គាក់បណ្ដាលឲ្យស្លាប់និស្សិតម្នាក់)កាលពីវេលាម៉ោង០២.០០នាទីអធ្រាត្រ ថ្ងៃទី២១-១១-២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាបភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឥឡូវប៉េអិមក្រុងនិងខណ្ឌជ្រោយចង្វារសហការស្រាវជ្រាវមុខសញ្ញាច្បាស់លាស់រហូតប្រើជំនាញឲ្យចូលខ្លួនសារភាពហើយ។
ជនសង្ស័យ ឈ្មោះ សៀង ឆរ័ត្ន (ហៅធំ ) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះសព ឈ្មោះ សុិន ខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិស្សិត(អតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងជាភ្នាក់ងារចារកម្មរបស់អគ្គស្នងការ) ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាបភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចវត្ថុតាងរួមមាន ម៉ូតូ ០១គ្រឿង ម៉ាកស្តេប ពណ៌សលាយខ្មៅ ស្លាកលេខកណ្ដាល-1F-1177 កាំបិតផ្គាក០១ដើម មុខដែក ដងដែកលាយជ័រ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បញ្ចូលទៅអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធីបន្ត។
គួររំលឹកថា និស្សិតម្នាក់ ត្រូវបានជនមិនស្គាល់មុខស្ទាក់កាប់នឹងកាំបិតផ្គាក់ ចំជើង បណ្តាលអោយស្លាប់នៅនឹងកន្លែង ក្នុងថ្លុកឈាម ខណៈពេលធ្វើដំណើរមកពីផឹកនៅកន្លែងស្នាក់នៅដោយមិនដឹងថាមានគំនុំអ្វី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ០២រំលងអធ្រាត្រចូលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចផ្លូវចូលផ្សារដើមស្រល់ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើទោះបីយ៉ាងណាគេមិនបានស្គាល់អត្តសញ្ញាណជនសង្ស័យនោះទេ ចំណែក
ជនរងគ្រោះ ដែលត្រូវឃាតក កាប់សម្លាប់ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិស្សិតនិងជាកម្លាំងភ្នាក់ងារចារកម្ម ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាបភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមអ្នកនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកតហេតុ ជនរងគ្រោះ បាននាំគ្នា អង្គុយផឹក នៅសួនច្បារមាត់ទន្លេសាប។ លុះយប់ជ្រៅក៏បានធ្វើដំណើរ ត្រឡប់ ទៅវត្ត ដែលជាកន្លែងស្នាក់នៅ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពស្ទាក់ផ្លូវលួចកាប់ជនរងគ្រោះនឹងកាំបិតផ្គាក់បណ្តាលឲ្យត្រូវចំជើងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់រយៈ ជិតដាច់ភ្លៅ។ ដោយសារតែ របួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ រួចហើយ ជនដៃដល់ក៏បានគេចខ្លួនបាត់ដោយយកកាំបិតទៅបោះចោល នៅក្បែរចេតិយ ក្នុងវត្តចាស់។
ទាក់ទិនឃាតកម្មនេះគេពុំដឹងថា ឃាតកមានគំនុំអ្វី ជាមួយជនរងគ្រោះ នោះឡើយ។ សពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នៅឈាបនដ្ឋាន វត្តចាស់។ លុះព្រឹកឡើង នគរបាលជំនាញបានសហការជាមួយនគរបាលមូលដ្ឋានចុះទៅត្រួតពិនិត្យ៕