
បាត់ដំបង ៖ កម្លាំងការិយាល័យព្រហ្មពណ្ឌកំរិតធ្ងន់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមុសសញ្ញាលួចកាច់កម៉ូតូ បានជាបន្តបន្ទាប់ ។
ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិកា.ប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ពេលយកម៉ូតូទៅអំពាវនាវលក់នៅតាមហាងទិញលក់ម៉ូតូ ។
ករណីលួចកាច់កម៉ូតូនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ដែលម្ចាស់ម៉ូតូមានឈ្មោះ ម៉ោល តង ភេទស្រី អាយុ៥១ឆ្នាំ។
ចំណែកម៉ូតូដែលត្រូវចោរលួចយកទៅនោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1X-1382។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានមកដាក់បណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាល ក្រោយបាត់ម៉ូតូ ហើយគេមិនបានដឹង ឬស្គាល់មុខសញ្ញានេះទេ លុះនៅល្ងាចថ្ងៃទី ១៥ ខែកក្កដា ស្រាប់តែលេចមុខសញ្ញាគួរឲ្យសង្ស័យ កំពុងតែយកម៉ូតូទៅលក់នៅម្ដុំ ហាងទិញលក់ម៉ូតូ ក្នុងភូមិកា.ប់គោថ្មី ដោយគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ ទើបអ្នកទិញមានការសង្ស័យ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យ និងសួរនាំទើបដឹងថា ម៉ូតូនេះលួចគេមកសោះ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនខណៈពេលកំពុងតែអំពាវនាវលក់ម៉ូតូនៅចំណុច ហាងទិញលក់ម៉ូតូ នៅម្ដុំភូមិកា.ប់ថ្មី ដែលគ្មានឯកសារ និងគួរឲ្យសង្ស័យ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនដល់ផ្ទះ ក្រោយទទួលបានចម្លើយសារភាពពីជនសង្ស័យម្នាក់ទៀត។
ជនសង្ស័យទាំង០២នាក់ មានឈ្មោះ សំ ម៉ារី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ។
និងម្នាក់ទៀតឈ្មោះ ពៅ រ៉ស៊ីម អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
ក្រោយសាកសួររួច កម្លាំងជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនិវិធី ៕