
ព្រះសីហនុ ៖ រថយន្ត២គ្រឿងបើកកៀរគ្នាហើយមានមួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើ និងបណ្ដាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង១២ៈ០៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តកូរ៉េមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9875 ដឹកគ្រែ ពូក ដើរលក់ ដែលអ្នកបើកបរមានឈ្មោះ ហន ឈុនហ័ង ភេទប្រុសអាយុ២៨ឆ្នាំ រងរបួសស្រាល រួមជាមួយអ្នកដំណើរជាមួយមានឈ្នោះ ហនហៃ រងរបួសធ្ងន់ ។
ប្រភពដដែលបានបន្តថា រថយន្តខាងលើបានធ្វើដំណើរពីកើតទៅលិច លុះដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តហ្វ័ត របស់ក្រុមហ៊ុនដឹកអ្នកដំណើរត្រេនសុីត VIP ពាក់ស្លាកលេខ ភ្នំពេញ 2AL-4215 មួយគ្រឿងទៀត បើកក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នា បានកៀរជាមួយរថយន្តដឹកគ្រែ បណ្តាលឲ្យរថយន្តដឹកគ្រែក្រឡាប់ផ្ងារជើង និងមានមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល រីឯខាង អ្នកបើកបររថយន្តហ្វ័តរត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ រួចស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទាំង២គ្រឿង ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕