
កំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួនកូនសិស្សលោកម្នាក់ បន្ទាប់ពីបានលួចយកម៉ូតូរបស់ព្រះសង្ឃ ទៅលាក់ទុកក្នុងព្រៃមួយកន្លែង ។
ករណីនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវត្តគីរីឧត្ដមថ្មហោង ហៅវត្តល្ងឹម ក្នុងភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីគណៈកម្មការវត្ត កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ទីបំផុតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន បន្ទាប់ពីលួចម៉ូតូរបស់ព្រះសង្ឃ យកទៅលាក់ទុកក្នុងព្រៃអស់មួយថ្ងៃ ។
ជនសង្ស័យឈ្មោះ អឿន អីម ហៅ ឆក ភេទប្រុស អាយុ២៣ឆ្នាំ ជាកូនសិស្សលោក ស្នាក់នៅក្នុងវត្តខាងលើ មានទីលំនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ឃាត់ខ្លួនបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីមសង់ សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-9415 របស់ព្រះសង្ឃ ព្រះនាម ទិន គីម មានព្រះជន្ម៣៦ព្រះវស្សា គង់នៅវត្តគីរីឧត្តមថ្មហោង ហៅវត្តល្ងឹម ។
ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំជនសង្ស័យ ទៅសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕