
កំពត ៖ មានករណីគ្រោះថ្នាក់កើតឡើងដោយជិះម៉ូតូកៀរគ្នា ហើយមានម៉ូតូមួយគ្រឿងបានរេចង្កូតចូលរថយន្តដែលកំពុងបើកមកពីមុខ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងបួននាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលបាត់បង់ជីវិតនោះមានឈ្មោះហយ ពេជ្រចាន់ភីនុត អាយុ ១៥ឆ្នាំ រីឯយុវជនដែលរងរបួសទាំងបួននាក់មាន
១ ឈ្មោះសុវណ្ណា ឡេង អាយុ ១៦ឆ្នាំ
២ឈ្មោះ ណន មិនា អាយុ ១៩ឆ្នាំ
៣ ឈ្មោះសុភ័ណ្ឌ ម៉េងលី អាយុ ១៥ឆ្នាំ
៤ឈ្មោះម៉ៅ ភត្រា អាយុ ១៤ឆ្នាំ។ ទាំង៥នាក់សុទ្ធតែមិនបានពាក់មួកសុវត្ថិភាព និងមានទីលំនៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩-១៥០ ដោយម៉ូតូម៉ាកអ៊ែរប្លែដ ជិះគ្នាពីរនាក់ធ្វើដំណើពីជើងទៅត្បូងបានកៀរម៉ូតូម៉ាកហុងដាមានជិះគ្នាបីនាក់ រួចម៉ូតូអ៊ែរប្លែដបានរេចង្កូតចូលរថយន្តហ្វ៊តដែលបើកមកពីមុខ បណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកបួននាក់ទៀតរងរបួសធ្ងន់។
ប្រភពដដែលបានបញ្ជាក់ថា ភ្លាមៗនោះអ្នកបើកបររថយន្ដបានបើកទ្វាររត់គេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ក្រោយមកប្រជាពលរដ្ឋបានហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ៕