
ខេត្តបាត់ដំបង ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយពីត្រូវឃាត់ខ្លួនពីបទប្រព្រឹត្តអំពើចោរកម្មយ៉ាងសកម្មនៅក្នងមូលដ្ឋាន ។
ប្រភពពីលោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹថា ជនសង្ស័យទាំង០២នាក់ខាងលើនេះ ទី១មានឈ្មោះ ម៉ាន់ ផល្លា អាយុ៣៩ឆ្នាំ និងទី២មានឈ្មោះ សួន ច័ន្ទ អាយុ៣១ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ លោកបានប្រាប់ថា ជនទាំង០២នាក់ ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាព ចូលលួចតុកៅអីនៅក្នុងផ្ទះអ្នកភូមិមួយកន្លែង ដែលម្ចាស់បិទទ្វារទុកចោលមិនបានស្នាក់នៅ។
យោងតាមរបាយការណ៍ព្រឹត្តិហេតុ ជនសង្ស័យទាំង០២នាក់នេះ បានធ្វើសកម្មភាពលួចតុ កៅអី យ៉ាងសកម្មកាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងផ្ទះទុកចោលមួយកន្លែង ក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ រាល់សកម្មភាពទាំងអស់របស់ចោរអស់សាច់ទាំង០២នាក់នេះ ត្រូវបានអ្នកភូមិប្រទះឃើញ ហើយក៏បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ច ទើបសមត្ថកិច្ចរៀបចំអន្ទាក់ដាក់ជាប់ ពេលកំពុងធ្វើសកម្មភាពជាក់ស្ដែងលើកចុងក្រោយតែម្ដង។
បន្ទាប់ពីឃាត់ខ្លួន លោកចោរដាច់យ៉ៃទាំង០២នាក់បានសារភាពថា ពួកខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិដូចជា តុកៅអី នៅក្នុងផ្ទះខាងលើនេះមែន។ ជនដៃដល់បានបញ្ជាក់ថា ពួកខ្លួនធ្លាប់ចូលលួចសម្ភារនៅក្នុងផ្ទះនោះជាញឹកញាប់ ដោយសារម្ចាស់មិននៅបិទទ្វារទុកចោល តែពេលធ្វើសកម្មភាពចុងក្រោយ ក៏ជាប់អន្ទាក់សមត្ថកិច្ចតែម្ដង ។
ជនសង្ស័យទាំង០២នាក់មិនបានសារភាពចំពោះទីតាំងដទៃដែលពួកខ្លួនបានប្រព្រឹត្តនោះទេ ទោះជាសមត្ថកិច្ចបង្ហាញភស្ដុតាង ឬ ទីតាំងកើតហេតុក្ដី។ ដោយឡែក សម្រាប់អ្នកភូមិវិញ បាននិយាយថា បើតាមគេដឹង និងធ្លាប់ប្រទះឃើញ ជនដៃដល់ទាំង០២នាក់នេះ តែងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនស្រាកស្រាន្តទេ ហើយក៏លួចមិនរើសមុខដែរ ប្រទះអ្វីលួចហ្នឹង រហូតអ្នកភូមិដាក់ងារថា អាចោរដាច់យ៉ៃឬអាចោរអស់សាច់។
ប្រភពពីអ្នកភូមិបានបញ្ជាក់ទៀតថា ចំពោះផ្ទះអ្នកភូមិដែលទុកចោលខាងលើនេះ គឺគេតែងប្រទះឃើញលោកចោរអស់សាច់ទាំង០២នាក់ នាំគ្នាចូលលួចតុទូកៅអី សែងចេញពីក្នុងផ្ទះគ្មានសល់អ្វីទេ។ ប៉ុន្តែពួកគេមិនលួចម្ដងទាំងអស់ទេ គឺ ចូលលួចម្ដងបន្តិចៗ ឡើងអស់សម្ភារៈគេពីក្នុងផ្ទះ លុះលួចយប់ចុងក្រោយក៏ត្រូវចូលអន្ទាក់សមត្ថកិច្ចល្មម។ អ្នកភូមិត្រេកអរណាស់ នៅពេលឮថា លោកចោរដាច់យ៉ៃទាំង០២នាក់នេះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញរបស់លោកដកហូតបានម៉ូតូកញ្ចាស់០១គ្រឿង ដែលជននេះតែងជិះឌុបគ្នាធ្វើសកម្មភាព និង តុ ឈើចំនួន០១។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ត្រូវបាន បញ្ជួនទៅសាលាបំបូងនឹងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕