
បាត់ដំបង ៖ ជនរងគ្រោះចំនួន០២នាក់បានស្លា.ប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ក្រោយពីមានការប៉ះទង្គិចគ្នារវាងម៉ូតូជាមួយរថយន្តធុនធ្ងន់មួយគ្រឿង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើដែលបង្កអោយមានការភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកផ្លូវហាយវេ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូ ជាបុរសអាយុប្រហែលជាង៣០ឆ្នាំ ហើយមានឌុបស្ត្រីម្នាក់អាយុប្រហែលជាង៦០ឆ្នាំ (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ) បើកបរម៉ូតូម៉ាកឌ្រីមសង់ ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១T-៩៦៧៣ ចំណែកឯភាគីខាងរថយន្តវិញជាប្រភេទដឹកទំនិញ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
អ្នកដែលបានឃើញហេតុការណ៍បានបញ្ជាក់ថា ដំបូងគេឃើញរថយន្តបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ក្នុងទិសដៅច្រាស់គ្នាជាមួយនិងម៉ូតូជនរង់គ្រោះ លុះមកដល់ចំណុចផ្លូវបំបែកបានបុកគ្នាពេញទំហឹងបណ្តាលឲ្យជនរង់គ្រោះស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុ រីឯម៉ូតូចូលក្រោមរថយន្តអូសទៅមុខជិត១០០ម៉ែត្រ ។
ភ្លាមៗនោះដែរសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យលើសាកស.ពទាំង២នាក់ គឺពុំមានអ្វីដែលជាប់នឹងខ្លួនដើម្បីបង្ហាញអោយស្គាល់ពីអត្តសញ្ញាណឡើយ គឺមានតែលុយចំនួន ១.៧០០ ដុល្លារតែប៉ុណ្ណោះ លុះអស់រយ:ពេលជាច្រើនម៉ោង ក្រោយពីស្រាវជ្រាវរកសាច់ញាតិឃើញ សមត្ថកិច្ចបានប្រគល់ស.ពឲ្យសាច់ញាត់ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕