
មណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីកំពុងបើកការចុះសើុបអង្កេតនិងស្រាវជ្រាវលើករណីប្រជាពលរដ្ឋប្រទះឃើញសពមនុស្សស្រីម្នាក់ទំនងស្លាប់ជាច្រើនថ្ងៃក្នុងដីចម្ការដំឡូងមីមួយកន្លែងនៅភូមិអណ្តោលឃុំស្រែឈូកស្រុកកែវសីមា។
សមត្ថកិច្ចបានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា សពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណនេះនៅក្នុងចម្ការដំឡូងមីក្នុងរង្វង់ជាងមួយសប្តាហ៍។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យមើលសាកសពមិនស្គាល់អត្តសញ្ញាណ។
ភិនភាគរបស់សាកសពគឺជាមនុស្សស្រីអាយុប្រហែលជាង២០ឆ្នាំ ពាក់អាវ ក្រឡាការ៉ូ ពណ៌លឿង ស្លៀកខោខូវប៊យប្រផេះ ។
បើយោងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថា មានស្ត្រីដែលមានសតិមិនល្អម្នាក់មានឈ្មោះហៅក្រៅរិ ឬកូកូ។ស្ត្រីរូបនេះ តែងដើរត្រាច់ចរនិងស្នាក់នៅពុំមានគោលដៅច្បាស់លាស់ទេ។
បន្ទាប់មក កម្លាំងប៉ុស្តិ៍ក៏បានធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុនេះ ដើម្បីរង់ចាំខាងជំនាញមកពិនិត្យបន្តទៀត ក្នុងករណីនេះដែរសមត្ថកិច្ចកំពុងស្រាវជ្រាវរកព័ត៌មានលម្អិត ដើម្បីស្វែងរកមូលហេតុចំពោះការស្លាប់ជូនគ្រួសារជនរងគ្រោះ៕