
បាត់ដំបង ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតីពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ ដោយឥតគិតថ្លៃ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាណន់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលឆ្លើយតបទៅនឹងផែនការ និងគោលដៅយុទ្ធសាស្ត្ររបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងគុណភាព នៃការគ្រប់គ្រង ធានាបាននូវប្រសិទ្ធភាពការងារ បម្រើអោយផលប្រយោជន៍សង្គម ពិសេសបំពេញតម្រូវការរបស់យុវជន ក្នុងដំណាក់កាលវិវឌ្ឍន៍ថ្មីៗនេះផងដែរ ។
ឯកឧត្តម ស សុខា គូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកសព្វថ្ងៃនេះ បច្ចេកវិទ្យាកុំព្យូទ័រជាតម្រូវការចាំបាច់ដែលមនុស្សមិនអាចអត់បាន នៅក្នុងការបំពេញការងារ ការសិក្សារៀនសូត្រ ឬការទំនាក់ទំនងនានា អោយតែយើងចេះវាច្បាស់លាស់ ។ ជាមួយគ្នានេះមិនថាតែជំនាញកុំព្យូទ័រទេ ចំណេះជំនាញណាក៏ដោយ ក៏សុទ្ធតែមានប្រយោជន៍ទាំងអស់ ឱ្យតែយើងចេះវាប្រាកដ គ្រាន់តែពេលខ្លះយើងរៀនចប់ហើយ មិនទាន់ត្រូវការប្រើវា យើងគិតថាមិនសំខាន់ ប៉ុន្តែដល់ពេលដែលយើងត្រូវការប្រើវា វានឹងមានប្រយោជន៍មិនអាចកាត់ថ្លៃបាន សមដូចពាក្យចាស់ពោលថា “ចេះប្រាកដប្រាក់រត់តាមហៅ” ។
ជាមួយសិក្ខាកាមដែលបានបញ្ចប់ការសិក្សា និងសិក្ខាកាមដែលត្រូវចូលសិក្សាថ្មី ឯកឧត្តម ស សុខា បានថ្លែងថា ដើម្បីឲ្យការសិក្សារៀនសូត្រ ទទួលបានជោគជ័យ ត្រូវផ្សារភ្ជាប់កត្តាសំខាន់ ៣ គឺសាលារៀន គ្រួសារ និងសង្គម ។
– កត្តាសាលារៀន ជាថ្នាលបណ្តុះបណ្តាលវិជ្ជា ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបង្ហាញផ្លូវ ។ ដូច្នេះនៅសាលារៀន សិស្សានុសិស្សត្រូវគោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងខិតខំរៀនសូត្រ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអង្គ ៤ គឺ សុ ចិ បុ លិ ។ នៅក្នុងម៉ោងរៀនត្រូវអនុវត្តអង្គទាំង៤ នេះ សុ គឺស្តាប់ ចិ គឺគិត បុ គឺសួរ លិគឺកត់ត្រា ពោលគឺពេលលោកគ្រូ អ្នកគ្រូ ពន្យល់ ត្រូវស្តាប់ដោយយកចិត្តទុកដាក់ រួចយកមកគិតពិចារណា ហើយបើមានកន្លែងណាមិនយល់ គប្បីត្រូវសួរលោកគ្រូ អ្នកគ្រូ និងចុងក្រោយ ត្រូវកត់ត្រាទុកនូវរាល់ខ្លឹមសារសំខាន់ៗ ។
– កត្តាគ្រួសារ ជាកត្តាជំរុញបន្ថែមពីលើកត្តាសាលារៀន ។ មានន័យថាឪពុកម្តាយ ឬអាណាព្យាបាល គប្បីជួយជំរុញ និងបង្ហាត់បង្ហាញបន្ថែមដល់កូនៗ ។ ចំណែកឯកូនៗវិញ ក៏ត្រូវរៀបចំកាលវិភាគរៀនបន្ថែមនៅផ្ទះ ទាំងពេលព្រលប់ និងពេលជិតភ្លឺ សមពាក្យស្លោកថា “ថ្ងៃរៀនមិនគ្រប់ យប់រៀនបន្ថែម” ។
– កត្តាសង្គម ក៏ជាកត្តាសំខាន់សម្រាប់ជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ។ បើសិស្សានុសិស្ស ដើរផ្លូវត្រូវ ការសិក្សាកាន់តែចម្រើន ប៉ុន្តែបើដើរផ្លូវខុសហើយ ការសិក្សានឹងត្រូវបាត់បង់ ពេលខ្លះបាត់បង់ទាំងអនាគត ឬអាយុជីវិតទៀតផង ។ ត្រង់នេះចង់បញ្ជាក់ថា បើប្អូនៗក្មួយៗ រាប់អានជាមួយអ្នករៀន គេនឹងនាំយើងរៀន តែបើរាប់អានចំ
អ្នកមិនរៀន អ្នកញៀនថ្នាំ ក្មេងទំនើង គេនឹងនាំប្អូនៗក្មួយៗ ទៅរកការបោះបង់ការសិក្សា ឬប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម បាត់បង់កិត្តិយស ឬបាត់បង់ទាំងជីវិត ក៏ថាបាន ។ ដូច្នេះត្រូវប្រុងប្រយ័ត្ន ពិសេសត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕