
បាត់ដំបង ៖ មានហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យបានកើតឡើងនៅកណ្តាលក្រុងបាត់ដំបង បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋជិត ២០ខ្នងផ្ទះរងការបំផ្លាញទាំងស្រុង។
ប្រភពពីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះថា អគ្គិភ័យមួយបានកើតឡើង កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានបំផ្លាញលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងចំណុចក្បែរផ្សារណាត់បាត់ដំបង ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់ចំនួន ១៨ខ្នង ក្នុងនោះខូចខាតអស់ទាំងស្រុងចំនួន ១៤ខ្នង និងរោលខ្លោចចំនួន ៤ខ្នងផងដែរ។
បច្ចុប្បន្ននេះមកទល់ម៉ោង ១២: ០០នាទីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២ នេះនៅមិនទាន់មានសេចក្តីរាយការណ៍លម្អិត អំពីមូលហេតុ និងទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនឹងជនរងគ្រោះនៅឡើយទេ ដោយ សមត្ថកិច្ចបានបញ្ជាក់ថា កំពុងស្ថិតនៅក្នុងការស្រាវជ្រាវ។
ពលរដ្ឋដែលត្រូវអគ្គិភ័យឆាបផ្ទះ បានសម្រេចដាក់ពាក្យប្តឹងម្ចាស់ផ្ទះលក់គ្រឿង សង្ហារឹម និងលក់ពូក ឈ្មោះគៀ អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ ដោយពលរដ្ឋចោទថាជាដើមហេតុដែលបង្កឲ្យមានការ ឆាបឆេះ។យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យខាងលើមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឬបាត់បង់ជីវិតនៅឡើយទេ៕