ភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨:៤៦នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាក SUZUKI AXELO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១BI.៤១៧៥ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បុកម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JG.២១៣៦ ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យ បុរសដែលជិះម៉ូតូ SUZUKI AXELO ដួលបោកក្បាលស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែក ភាគីខាងម៉ូតូឌ្រីមសង់ រងរបួសធ្ងន់ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
សពជនរងគ្រោះមានឈ្មោះ យន ចិន ភេទប្រុសអាយុ ៣៩ឆ្នាំ មុខរបរនៅផ្ទះមើលកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែងខាងក្រោយវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
ចំណែកភាគី ម្ខាងទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យប្រពន្ធ និងសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕