ភ្នំពេញ ៖ ជនសង្ស័យចំនួន ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនបានមនុស្សស្រីប្រុស ០២នាក់នាំយកទៅសាកសួរពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៥:០០ទៀបភ្លឺថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៤ ខណ្ឌមានជ័យ។
ជនសង្ស័យទី១ឈ្មោះ មី ឡុង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។ នឹងទី២ឈ្មោះ អុិន សុភាព ភេទស្រី អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ លោកបានបញ្ជាកម្លាំងឲ្យជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣ ស្រាប់តែ មកដល់ចំណុចកើតហេតុក៏បានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1DY-4502 ដោយឌុបនារីម្នាក់នៅខាងក្រោយ។ ដោយមានការសង្ស័យ សមត្ថកិច្ច ក៏បានហៅឈប់និងបានឆែកឆេររកបានរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់ធំ និងជញ្ជីងអេឡិត្រូនិច ១គ្រឿង។សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ០២នាក់ យកមកសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣។បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូហុងដាឌ្រីម សង់ចំនួន មួយគ្រឿង និងថ្នាំញៀនចំនួន ៥ កញ្ចប់ធំ រួមទាំងជញ្ជីងអេឡិចត្រូនិចមួយគ្រឿង ។
ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តនីតិវិធី៕