បាត់ដំបង៖ ជាងសំណង់ម្នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លូន ក្រោយពីជាងសំណង់រូបនេះបានយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះដែលជាម្ចាស់ផ្ទះ ដោយសារតែជនសង្ស័យរូបនេះខឹងនិងជនរងគ្រោះដែលបានបញ្ឈប់ខ្លួនមិនឱ្យសាងសង់បន្ទប់ទឹកបន្តទៀត ។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២២ នៅចំណុចភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើមានឈ្មោះ សេង សារុន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះវិញមានឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា ។
បើយោងតាមសម្តីរបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជួលជនសង្ស័យជាជាងសំណង់ ឱ្យមកសាងសង់បន្ទប់ទឹកផ្ទះរបស់ខ្លួន ។ ហើយក្រោយមកទៀតដោយមិនដឹងថាមានរឿងអ្វី ក៏ស្រាប់តែជនរងគ្រោះបានបញ្ឈប់មិនឱ្យជនសង្ស័យ សាងសង់បន្ទប់ទឹកបន្តទៀតសាងសង់បន្តទៀយឡើយ ។ ក្រោយមក ជនរងគ្រោះ និងជនសង្ស័យ ក៏មានទំនាស់ពាក្យសម្តីនិងគ្នាមួយប្រាវ ហើយជនសង្ស័យក៏បានស្ទុះទៅយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅឃាត់ខ្លួនជនបង្កមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា គេពិតជាបានកាប់ជនរងគ្រោះឱ្យរបួសពិតមែន ដោយសារខឹងនឹងជនរងគ្រោះជាម្ចាស់ បានបញ្ឈប់ការងាររបស់ខ្លួន៕